ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកJebមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា S.8808.S សង្ស័យអ្នកបើកបរស្រវឹងស្រាបានរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុករថយន្តTACOMAកំពុងចតស្ងៀមពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរៀងៗខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ២០នាទីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ ២០២១នៅចំណុចមុខសណ្ឋាគារភ្នំពេញ តាមបណ្តាយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJebពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកម្ពុជាS-8808-S ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងបានរេចង្កូតមកខាងស្ដាំដៃឡើងចិញ្ចើមផ្លូវហើយជ្រុលទៅបុករថយន្តTACOMAពណ៌សពាក់ស្លាកលេខព្រះសីហនុ2B-7785ចតស្ងៀមលើចិញ្ចើមផ្លូវក្នុងទិសដៅកើតលិច ពីចំហៀងខាងស្ដាំផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តTACOMAវិលមួយជុំ ឯរថយន្តJebbទៅមុខលែងរួច។ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។បន្ទាប់មកគេឃើញភាគីទាំងពីរមិនបានសម្របសម្រួលគ្នានោះទេ។
ដោយខាងភាគីរថយន្តJebbបានដោះស្លាកលេខទាំងមុខទាំងក្រោយយកទៅជាមួយបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕