ភ្នំពេញ៖)បុរសម្នាក់បើករថយន្តLexus RX300 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកជាមួយនឹងរថយន្តតូយីតាព្រូសចំពីក្រោយពេញទំហឹងរួចហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏វិលមួយជុំទៅបុកផ្នែកពីខាងមុខមួយតង់ទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី០២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកLexus RX300 ពណ៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-7705 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រឹមចំណុចកើតហេតុខាងលើជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាកតូយីតាព្រូសពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AY-2793 ពីក្រោយពេញទំហឹងហើយរថយន្តបង្កនោះនៅមិនទាន់អស់ល្បឿនក៏បានវឹលមួយជុំទៅចំផ្នែកខាងមុខមួយតង់ទៀត បណ្ដាលឲ្យរថយន្តតូយីតាព្រូសនោះរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានជួបមុខដល់ដើម្បីត្រួតពិនិត្យមើលនិងធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តទាំងពីគ្រឿងមកអែតចិញ្ចឹមផ្លូវហើយទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿង។ រក្សាសិទ្ធិ៖)ដោយវុត្ថា