កណ្ដាល៖ រោងចក្រផលិតកាតុងបារីមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទ្រង់ទ្រាយធំ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ចំណុចរោងចក្រផលិតកាតុងបារី ស្ថិតនៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានលើកឡើងថា ករណីអគ្គីភ័យនេះ បណ្តាលមកពីការផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹងប្រេងសាំង ដែលនៅក្បែរនោះ ក៏បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗកម្មករជាច្រើននាក់ បាននាំគ្នារត់ចេញពីក្នុងរោងចក្រ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់ ។
ក្នុងនោះមានដូចជា កម្លាំងផ្នែកអគ្គីភ័យស្រុកកណ្ដាលស្ទឹង និងរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង, កម្លាំងផ្នែកអគ្គីភ័យខេត្តកណ្ដាល និងរថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង, កម្លាំងផ្នែកអគ្គីភ័យខាងរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង, កម្លាំងអគ្គីភ័យខាងក្រសួងមហាផ្ទៃ និងរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង និងរថយន្តផលិតស្រាបៀរកម្ពូជា១គ្រឿងទៀត សរុបរថយន្តពន្លត់អគ្គីភ័យចំនួន ១៤គ្រឿង បានចុះមកអន្តរាគមន៍ តែដោយសារអគ្គីភ័យនេះធំខ្លាំងពេក ក៏បណ្តាលឲ្យឆេះរោងចក្រចំនួន ១ខ្នង ទំហំបណ្ដោយប្រហែល ១០០ម៉ែត្រ និងទទឹងប្រហែល ៥០ម៉ែត្រ ប្រក់ស័ង្កសីពីលើ ខូចខាត១០០ភាគរយ ព្រមទាំងសម្ភារមួយចំនួនធំផងដែរសរុបជាទឹកប្រាក់អស់រាប់សិនម៉ឺនដុល្លារ៕
crnnews