ខេត្តស្វាយរៀង÷ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ឯកឧត្តម ម៉ឹង សំផន អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆ្នាំ២០២២ ។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកគណបក្ស មកពីសាខាបក្ស ភូមិ ឃុំ ស្រុក ព្រមទាំងក្រុមការងារចុះជួយស្រុកចន្ទ្រា បានចូលរួមប្រជុំ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារ ដែល គណបក្សស្រុកសម្រេចបានកន្លងមក ដើម្បីលើកទិសដៅ ផ្តល់បទពិសោធ សំដៅរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងការអនុវត្តគោលនយោបាយគណបក្សឲ្យកាន់តែរឹងមាំ ឈានទៅសម្រេចអោយបានជោគជ័យ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅពេលខាងមុខ ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ឹង សំផន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គណបក្ស និងក្រុមការងារ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា ដែលបានសាមគ្គី សហការគ្នាបានល្អ ក្នុងការបម្រើប្រជាជន និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំ អោយមានការរីកចំរើន ។ ឯកឧត្តម ម៉ឹង សំផន បានលើកឡើងពីអត្ថន័យថ្ងៃជ័យជំនះ ៧ មករា ដែលបានធ្វើអោយយើងគ្រប់គ្នាបានរស់រានមានជីវិតសារជាថ្មីឡើងវិញ គឺដោយសារ ការតស៊ូ រំដោះប្រទេសជាតិ ដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំកម្លាំង តស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និង បានកសាងប្រទេសកម្ពុជាចាប់តាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ ។
ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា៖ ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ទទឹមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំដោះស្រាយបញ្ហាប្រឈម និង ការលំបាកនានារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។
កិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ នាពេលនោះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានផ្តល់ថវិកាចំនួន ជាង ៣០ លានរៀល ដល់ក្រុមការងារ ភូមិ ឃុំ និង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង៕