(ភ្នំពេញ)៖យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រុមហ៊ុន តាំង ហុង គ្រុប បានដាក់ពាក្យបណ្ដឹងមួយចូលមកសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងកក្លាយ(គ.ប.ផ.ក)ស្នើសុំបើកការស៊ើបអង្កេតករណីមានជូនខិលខូចលួចនាំចូល ស្តុកទុក និងចែកចាយទឹកអប់ម៉ាក Versace និងម៉ាកMontblanc រំលោភម៉ាក ដែលនាំចូលស្របច្បាប់ដោយក្រុមហ៊ុន តាំង ហុង គ្រុប ។នេះយោងតាមប្រភពឯកសារពាក្យបណ្ដឹងដែលអង្គភាពយើងខ្ញុំទទួលបាននារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។
សូមជម្រាបជូនថា៖ បណ្ដឹងនេះធ្វើឡើងក្រោយក្រុមហ៊ុនឃើញមានសារព័ត៌មានជាច្រើនដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្ដាញសង្គមអំពីលក់ផលិតផលទឹកអប់ម៉ាក Versace និងម៉ាកMontblancករណីសមត្ថកិច្ចបានចុះបង្រ្កាប ដែលជាហេតុនាំឲ្យមានការសង្ស័យអំពីភាពត្រឹមត្រូវរបស់ម៉ាកទាំងនោះ ពីព្រោះថាផលិតផលខាងលើត្រូវបាននាំចូលដោយស្របច្បាប់ដោយក្រុមហ៊ុន តាំង ហុង គ្រុប ដូចមានមានវិញ្ញាបនបត្រប្រវេទន៍លេខៈ CAM ០៥៣០៥ CN-២០ (ម៉ាក Versace) និង មានវិញ្ញាបនបត្រប្រវេទន៍លេខៈCAM០៥២២៩៤ CN-២០(ម៉ាកMontblanc )ដែលចេញដោយក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា៖ ពាក្យបណ្ដឹងរបស់ក្រុមហ៊ុន តាំង ហុង គ្រុប ពុំបានបញ្ជាក់ច្បាស់អំពីក្រុមហ៊ុនឬជនខិលខូចដែលលួច នាំចូល ស្តុកទុក និងចែកចាយនូវផលិតផលក្លែងក្លាយរំលោភ ម៉ាក Versace និងម៉ាកMontblanc ហើយមិនបានផ្ដោតលើហាង Mode Store នោះឡើយ ។ការប្ដឹងចូលមកសមត្ថកិច្ចធ្វើឡើងក្នុងគោលបំណងឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេត ដើម្បីបង្រ្កាប និងទប់ស្កាត់អ្នករកស៊ីមិនសុចរិតត្រឹមត្រូវ ប្រកួតប្រជែងមិនស្មោះត្រង់ រំលោភម៉ាកផលិតផល និងនាំចូលដោយខុសច្បាប់ ក្នុងគោលបំណងការពារភាពត្រឹមត្រូវលើម៉ាកផលិតផលក្រុមហ៊ុន ដែលអាចធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងប៉ះពាល់ដល់ទឹកចិត្តសតិអារម្មណ៍អតិថិជន លែងមានជំនឿទុកចិត្តមកលើផលិតផលក្រុមហ៊ុននាំឲ្យក្រុមហ៊ុនខាតបង់ចំណូលប៉ះពាល់ផលប្រយោជន៍និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា៖ មហាជនពិតជាបានដឹងច្បាស់ហើយកាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នំា២០២១កន្លងទៅ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានចុះបង្រ្កាបហាង Mode Store ដែលមានទីតាំងស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យលួចនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនមិនមានប្រភពនិងច្បាប់ត្រឹមត្រូវ តាមរយៈបណ្ដឹងរបស់លោក ប្រាក់ ចាន់តូ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញផលិតផលប្រមាណ១២១មុខដែលពាក់ព័ន្ធសង្ស័យជាផលិតផលក្លែងក្លាយក្នុងនោះមានទំាងទឹកអប់ម៉ាក Versace និងម៉ាកMontblanc ផងដែរ។ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចហើយ តុលាការបានចេញដីកាសម្រេចលេខៈ១៦៧២ អយណ ចុះថ្ងៃទី០២ ខែឧសភាឆ្នាំ២០២២ បានបង្គាប់ឲ្យលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ទៅបង់ប្រាក់ពិន័យអន្តរការណ៍នៅក្រសួងសុខាភិបាលផលិតផលចំនួន១០មុខដែលមានឈ្មោះ Mosbeau លុះនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ក្រសួងសុខាភិបាលបានសម្រេចពិន័យចំនួនៈ ៦,៥០០,០០០រៀល ករណីផ្សព្វផ្សាយគ្មានការអនុញ្ញាត និងលក់ផលិតផលគ្មានប្រវេទន៍ពីក្រសួងសុខាភិបាល ដែលមានឈ្មោះ យ៉ុន ប៊ុនណា ជាមេធាវីតំណាងឲ្យម្ចាស់ទីតាំងហាង Mode Store ។ប៉ុន្តែគេមិនឃើញផាក់ពិន័យទឹកអប់ម៉ាក Versace និងម៉ាកMontblanc ដែលអត់មានប្រវេទន៍ មិនត្រឹមតែប៉ុណ្ណោះម្ចាស់ហាង Mode Store នៅបន្តលក់ទឹកអប់ជាច្រើនម៉ាកទៀតដែលសង្ស័យថាមិនមានប្រវេទន៍ត្រឹមត្រូវដដែល ។
បើយោងតាមអាជ្ញាប័ណ្ណក្រសួងពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់របស់ហាង Mode Store ជាប្រភេទសហគ្រាសឯកបុគ្គល គ្មានលក្ខន្តិកៈ គ្មានសិទ្ធិស្នើសុំបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណ និងចុះបញ្ជីប្រវេទន៍ដើម្បីធ្វើការនាំចូល ស្តុកទុក និងចែកចាយផលិតគ្រឿងសម្អាងឡើយ ក្រោយសមត្ថកិច្ចបានចុះបង្រ្កាបតាមបណ្ដឹងរបស់លោកប្រាក់ ចាន់តូ ទើបលោកស្រី ខេង ពិទូពុធធីតា បានយកឈ្មោះក្រុមហ៊ុន កេតនៈ ទៅស្នើសុំចុះបញ្ជីប្រវេទន៍នៅក្រសួងសុខភិបាល ដែលមានទីតាំងនិងឈ្មោះផ្ទុយគ្នា ធ្វើការភូតកុហក ក្លែងបន្លំភ្នែកថ្នាក់ដឹកនាំ និងមហាជនឲ្យមានការភ័ន្តច្រឡំ។
ទោះយ៉ាងណាសូមហាជនមានការប្រុងប្រយ័ត្នចំពោះការទិញផលិតផលទឹកអប់ម៉ាក Versace និងម៉ាកMontblanc នៅហាងMode Store ព្រមទាំងទឹកអប់ជាច្រើនម៉ាកទៀត មុននឹងទិញយកមកប្រើប្រាស់សូមធ្វើការសួរនាំរកវិញ្ញាបនបត្រប្រវេទន៍ដែលចេញដោយក្រសួងសុខាភិបាលដូចបានបង្ហាញខាងលើ ជៀសវាងទិញផលិតផលយកមកប្រើប្រាស់គ្មានគុណភាព គ្មានច្បាប់ ខាតបង់ពេលវេលា និង ប៉ះពាល់សេដ្ឋកិច្ចហើយបែរជាទិញប៉ះផលិតផលក្លែងក្លាយគ្មានគុណភាពទៅវិញ។
បើយោងតាមប្រសានន៍មន្ត្រីជំនាញ០១រូបរបស់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា «គ្រប់ផលិតផលទឹកអប់ទាំងអស់ដែលនាំចូលមកលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាំបាច់ត្រូវតែស្នើសុំចុះបញ្ជីប្រវេទន៍នៅក្រសួងសុខាភិបាល»៕