ខណ្ឌពោធិ៍សែនជ័យ៖ បន្ទាប់ពីលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងជំនាញចុះមកវាស់វែងនៅទីតាំងដែលមានការចាក់ថ្មចូលទឹកអមផ្លូវរថភ្លើងដែលស្ថិតនៅ ភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកម៉ោង ០៨ៈ៣០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ យ៉ាងតក់ក្រហល់ ហើយក៍ប្រញ៉ាប់ប្រញ៉ាលហៅគ្នាឡើងរថយន្តចាកចេញដោយមិនបាននិយាយជាមួយពលរដ្ឋសូម្បីតែមួយមាត់។
ពលរដ្ឋបានដាក់ការសង្ស័យទៅលើ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ១២០៩១៣០៧-០៤០៣ របស់ឈ្មោះ វួន ម៉េងយូ ថាគ្រាន់តែជាអ្នកឈឈ្មោះកាន់ប័ណ្ណ និង ស្នើសុំ ចាក់អាចម៌ដីតែប៉ុណ្ណោះ ។
បន្ទាប់ពីពលរដ្ឋធ្វើការតវ៉ារឿងចាក់ថ្មចូលប្រឡាយទឹកដែលអមផ្លូវរថភ្លើង មិនដែលឃើញឈ្មោះ វួន ម៉េងយូ ចេញមុខបកស្រាយថាខ្លួនទិញដីពីអ្នកណានោះទេ ហើយពលរដ្ឋក៍មិនដែលឃើញមិនដែលស្គាល់បុគ្គលឈ្មោះ វួន ម៉េងយូ នោះដែរ។
ពលរដ្ឋបានលើកឡើងទៀតថាកាលពី២ឆ្នាំមុន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមុខមហាជនថា ដីនេះគឺជាសម្បត្តិរដ្ឋហើយមិនអនុញ្ញាតឲ្យជនណាចាក់ដីចូលប្រឡាយនោះទេ ដីដែលបានចាក់នេះគឺគេចាក់សម្រាប់ពលរដ្ឋដើរទេ ចំណែកដីដែលចាក់លើសគឺត្រូវកាយចេញវិញអស់ហើយ មិនត្រឹមតែប៉ុណ្ណោះលោក ហែម ដារិទ្ធ បានបញ្ជារឲ្យជំនាញចុះមកចាប់យករថយន្តប៉ែនមួយគ្រឿង និង គ្រឿចក្រដែលឈូសឆាយមួយគ្រឿង ទៅរក្សាទុកនៅសាលាខណ្ឌទៀតផង ។
ហេតុអ្វីស្រាប់តែស្ងាត់ៗរយៈពេល២ឆ្នាំដីនេះទៅជាមានប័ណ្ណកម្មសិទ្ធស្របច្បាប់ដោយទទួលស្គាល់ពីក្រសួងដែនដីនគរូបនីកម្មនិងសំណង់ និង សាលារាជធានីភ្នំពេញ?
ពលរដ្ឋបន្តរថាពួកគាត់បានផ្តិតមេដៃដើម្បីសុំ កិច្ចអន្តរាគមន៍ទៅសាលាខណ្ឌពោធិ៍សែនជ័យ និង សាលារាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ជូនពួកគាត់តែស្ងាត់ជ្រាបដូចចោរលួចសេះមិនឃើញមានការអន្តរាគមន៍ពីសាលាខណ្ឌនិងសាលារាជធានីភ្នំពេញនោះទេ មានតែលិខិតអញ្ជើញពីសាលាខណ្ឌ ឲ្យពលរដ្ឋដែលពាក់ព័ន្ធចូលរួមចុះវាស់វែងនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២២ វេលាម៉ោង០៨៖៣០នាទីព្រឹក តែជាក់ស្តែងលោក ប៉ាង លីដា មិនបានគោរពទៅតាមលិខិតអញ្ជើញនោះទេ បែជាចុះវាស់វែងដោយឯកតោភាគគី ចំណែកពលរដ្ឋបានត្រឹមឈរមើលហួសចិត្តទោះជាពលរដ្ឋបានស្នើសុំកុំទាន់អាលវាស់វែងរងចាំភាគគីម្ខាងទៀតបង្ហាញមុខសិន ក៍លោក ប៉ាង លីដា មិនខ្វល់ សំខាន់លោកដឹកនាំកម្លាំងជំនាញចុះមកវាស់បង្ក្រប់កិច្ចមិនបាន១០នាទីផងក៍ប្រញ៉ាប់ឡើងរថយន្តទៅបាត់ស្រមោលតែម្តង។
ពាក់ព័ន្ធរឿងខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនង លោក ប៉ាង លីដា តាមបណ្តាញសង្គម Telegram កាលពីរសៀលថ្ងៃទី១៥និង១៧ខែសីហាឆ្នាំ២០២២ ដើម្បីសុំការបំភ្លឺពីលោកជៀសវាងការផ្សាយមានការភាន់ច្រឡុំ លោក ប៉ាង លីដា បានត្រឹមចូលមើលតែមិនខ្ចីឆ្លើយតបសូម្បីតែមួយមាត់៕
អត្ថបទលោក សុខ រក្សាចេញផ្សាយថ្ងៃទី១៧.០៨.២០២២