រាជធានីភ្នំពេញ÷ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥.០០ និង៣០នាទីព្រលប់ មានពិធីសំណេះសំណាលក្រោមវត្តមាន លោកសាស្ត្រាចារ្យបណ្ឌិត ទ្បាច សំរោង សាកលវិទ្យាធិការ នៃសកលវិទ្យាល័យឥន្រ្ទវិជ្ជា (University of Indrawichea-UI) ដោយមានការចូលរួមដោយ លោកសាស្ត្រាចារ្យបណ្ឌិត សំ ឈុនឡុង សាស្រ្តាចារ្យនៅរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏សាស្រ្តចារ្យលេីវិស័យព័ត៌មានផងដែរ ក្នុងនោះរួមមានលោកបណ្ឌិតហោ គន្ធា ប្រធាន “សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា” ជួបជុំសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ដែលជាចាងហ្វាង និងនិពន្ធនាយក និពន្ធនាយករង ជាច្រេីនអង្គភាព។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យបណ្ឌិត ទ្បាច សំរោង សាកលវិទ្យាធិការ ក៏បានថ្លែងការកោតសរសើរដល់បងប្អូនជាអ្នកសារព័ត៌មានទាំងអស់ នឹងបានចែករំលែកនូវបទពិសោធន៍ខ្លះៗ ជូនដល់បងប្អូនជាអ្នកសារព័ត៌មាន ឱ្យយល់អំពីដំណើរដើរទៅនៃរបបសារព័ត៌មានជំនាន់មុន និងបរិបទសារព័ត៌មានបច្ចុប្បន្ន។ ក្នុងនោះលោកក៏បានជូនដំណឹងដល់បងប្អូនជាអ្នកសារព័ត៌មាន បានដឹងផងដែរថា សាកលវិទ្យាល័យនិងមានការរៀបចំ បើកវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតជូនទៅដល់ បងប្អូនជាអ្នកសារព័ត៌មានដោយមានការចូលរួមសហការជាមួយនឹង “សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា” បន្ថែមលើនោះក៏មានអាហារូបករណ៍ 100% free ជូន។
ជាការឆ្លើយតបលោកបណ្ឌិតហោ គន្ធា ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានបានថ្លែងនៅក្តីរំភើបរីករាយក្រោយទទួលបានស្ដាប់ឮ ប្រសាសន៍សំណេះសំណាលប្រកបដោយអត្ថន័យ និងកាចែករំលែកក្តីស្រឡាញ់ក្នុងឆន្ទៈផ្ដល់ថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យសារព័ត៌មានតាមរយៈសកលវិទ្យាល័យបន្ថែមទៀតជូនទៅដល់បងប្អូនអ្នកសារព័ត៌មាន។
លោកបណ្ឌិតហោ គន្ធាបញ្ជាក់បន្ថែមថា, សកលវិទ្យាល័យក៏បានខិតខំអប់រំបណ្តុះបណ្តាលធនធានមនុស្សបានជាច្រើនដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកផងដែរថាសព្វថ្ងៃនេះសាកលវិទ្យាល័យឥន្ទ្រវិជ្ជាមានចំនួន ៤សាខា ទូទាំងប្រទេសកម្ពុជាដើម្បីចូលរួមជួយអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ចុងបញ្ចប់នៃពិធីសំណេះសំណាល ក៏មានពិសារអាហារសាមគ្គី រួមគ្នា បង្កេីតនូវភាពកក់ក្តៅ សប្បាយរីករាយមុនឱកាសបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់៕ សុខ បូរិន្រ្ទ៏(នគរ៤២)