បាត់ដំបង÷រថយន្តដឹកទំនិញធុនធ្ងន់បើកបុករថយន្តហ្វតពីក្រោយពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា÷ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ ត្រង់កំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ស្ថិតក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកFORD RANGER XLT ពណ៍ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ២BS-១៨០៧ ធ្វើដំណើរដឹកគ្រួសារ ទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ គួច សំអឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងអ្នករួមដំណើរ០៤នាក់ទៀត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងម៉ាកFUSO ពណ៌ស ពាក់ផ្លាកលេខខាងមុខ កំពត ៣A-១៨១៨ និងកន្ទុយក្រោយ ភ្នំពេញ ៤A-៥៧០៤ បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿនជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែករថយន្តបង្កព្យាយាមបើករត់ដល់ស្រុកមោងឫស្សីទើបសមត្ថកិច្ចស្ទាក់ចាប់បានផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕