ខេត្តត្បូងឃ្មុំ៖ បុរស ២នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្តម៉ាក lexus 570 ដែលគេស្គាល់ថា ជារបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បើកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្រោយពេលកើតហេតុ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត។ នៅកន្លែងកើតហេតុនោះ គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ)ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយ ឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ។
ប្រភពច្បាស់ការណ៍បានបន្តឱ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូ និងរថយន្ត បានបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើអោយរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើករថយន្តវិញ បើករត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉កខូចខាតធ្ងន់ ចំណែករថយន្តវិញ គឺខូចកម្រិតខ្លាំងដូចគ្នា។ ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន៕