ភ្នំពេញ ៖ នៅ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានធ្វើការចុះឡោមព័ទ្ធបង្ក្រាបទីតាំងលួចលាក់ជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងមានយីហោ អឹមអិល(ML) ស្ថិតនៅជាប់ប្រឡាយលូទឹកស្អុយបឹងត្របែក តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ មានការដឹកនាំបញ្ចាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក កៀង ល័ក្ខ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ព្រមទាំងកម្លាំងជំនាញជាច្រើនផ្នែកទៀតបានសហការគ្នាចូលឆ្មក់បង្ក្រាបទីតាំងនេះ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។
ប្រតិបត្តិការនេះ មនុស្សប្រុសស្រីដែលឃាត់ខ្លួនបាន ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕