(ភ្នំពេញ)៖ កាលពីទី២០ ខែមេសា ឆ្នាំ២០២២ លោក ប៊ុន សុផាត បានដាក់ពាក្យបណ្ដឹងលោក ឈុន សារឿង (អតីតPMខេត្តកំពត) មានអាសយដ្ឋានស្ថិតនៅភូមិទ្វីខាងត្បូង ឃុំអណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពតទៅកាន់តុលការខេត្តកំពត រឿងស៊ីដាច់លុយចំនួន១៦០,០០០$(ដប់ប្រាំមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)ហើយគេចវេសអស់រយៈពេលជាច្រើនខែពុំព្រមចូលខ្លួនមកដោះស្រាយ។
បើយោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា,កំឡុងឆ្នាំ២០១៨ លោក ប៊ុន សុផាត និងលោក ឈុន សារឿនបានព្រមព្រៀងចូលហ៊ុនគ្នាដើម្បីទិញដីមួយកន្លែងស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងឈូក ស្រុកទឹកឈូ ខេត្តកំពត ដែលមានទំហំ ៤៧,១៥១ ម៉ែត្រការ៉េ ក្នុងតម្លៃទឹកប្រាក់ប្រមាណ ២៨២,៩០៦$(ម្ភៃប្រាំបីម៉ឺនពីរពាន់ប្រាំបួនរយប្រាំមួយដុល្លារសហរដ្ឋអាមេរិក) លុះដល់ថ្ងៃត្រូវប្រគល់លុយឲ្យម្ចាស់ដី ស្រាប់តែលោក ឈុន សារឿង បានប្រាប់ថា«គាត់ពុំទាន់មានប្រាក់ទេ ដោយសុំឲ្យលោក ប៊ុន សុផាត ចេញសិនទៅ»។
ដោយសារយោគយល់មនោសញ្ចេតនាមិត្តភក្ដអ្នករកស៊ីជាមួយគ្នាផងនោះ លោក ប៊ុន សុផាត បានយល់ព្រមបង់ថ្លៃទិញដីជំនួសក្នុងដំណាក់កាលទី១.ចំនួន ៨៤,៩០៦$(ប្រាំបីម៉ឺនបួនពាន់ប្រាំបួនរយប្រាំមួយដុល្លារសហរដ្ឋអាមេរិក) និងលើកទី២. បង់ផ្ដាច់ចំនួន ១៩៨,០០០$(ដប់ប្រាំបួនម៉ឺនប្រាំបីពាន់ដុល្លារសហរដ្ឋអាមេរិក)តាមរយៈប្រតិបត្តិការធនាគារអេស៊ីលីដា។
លោក ប៊ុន សុផាត បានឲ្យដឹងថា«ក្រោយមកលោក ឈុន សារឿន និងលោកស្រី សៀង សារ៉ន (ប្រពន្ធ) បានពឹងរូបលោកជួយចូលរួមខ្ចីលុយចំនួន ៥០,០ ០០$(ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដើម្បីដាក់ចូលហ៊ុនទិញដី ហើយភាគហ៊ុនដែលគាត់បានចូលបានត្រឹមតែ ៤០,០០០$(បួនម៉ឺនដុល្លារសហរដ្ឋអាមេរិក) ប៉ុណ្ណោះ»។
ក្នុងបណ្ដឹងដដែលបន្ថែមទៀតថា,រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប៊ុន សុផាត និងលោក ឈុន សារឿង បានព្រមព្រៀងគ្នាលក់ដីស្ថិតនៅទីតាំងខាងលើ ដោយមានភាគីអ្នកទិញឈ្មោះ ទូច សាមេត ហើយភាគីសងខាងបានព្រមព្រៀងគ្នាទិញ-លក់ក្នុងតម្លៃ ៥១៨,៧០០$(ហាសិបមួយម៉ឺនប្រាំបីពាន់ប្រាំពីររយដុល្លារសហរដ្ឋអាមេរិក) ចំពោះប្រាក់ថ្លៃដីលោក ប៊ុន សុផាត និងលោក ឈុន សារឿន បានទទួលលើកទី១.ចំនួន ១៥០,០០០$(ដប់ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ហើយបានធ្វើការបែងចែកឲ្យលោក ឈុន សារឿន ចំនួន ៧៥,០០០$(ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក) ,លើកទី២.ចំនួន ១៣០,០០០$(ដប់បីម៉ឺនដុល្លារសហរដ្ឋអាមេរិក)ឈ្មោះ ទូច សាមេតបានបាញ់ចូលកុងលោក ប៊ុន សុផាត ក្រោយមកលោកបានដកលុយសុទ្ធចំនួន ៦៥,០០០$(ប្រាំមួយមុឺនប្រាំពាន់)ទៅឲ្យ លោក ឈុន សារឿន ,ដូច្នេះប្រាក់ទាំងពីរលេីកនេះលោក ប៊ុន សុផាត និងលោក ឈុន សារឿន ទទួលបានចំណែកស្មេីគ្នា។
យោងតាមប្រសាសន៍លោក ប៊ុន សុផាត បានបន្ថែមថា«ក្រោយមកទៀតលោក ឈុន សារឿន បានទៅធ្វើការលួចដកលុយដោយមានការឃុបឃិតគ្នាជាមួយភាគីអ្នកទិញឈ្មោះ ទូច សាមេត ដោយរូបលោកពុំបានចូលរួមឡើយ ស្រាប់តែក្រោយមកលោកត្រូវការលុយដើម្បីធ្វើការប្រើប្រាស់បានទាក់ទងទៅឈ្មោះ ទូច សាមេត បានប្រាប់ថាលុយគឺលោក ឈុន សារឿន បានដកអស់ហើយនិងបានបាញ់លិខិតប្រគល់ទទួលប្រាក់មកឲ្យរូបលោកមើលដោយមានតែឈ្មោះ ឈុន សារឿន ប៉ុណ្ណោះ»។
លោកបានបន្ថែមទៀតថា«ប្រាក់ដែលលោកបានធ្វើការដកចុងក្រោយមានចំនួន ៦០,០០០$(ប្រាំមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)ចំណែកប្រាក់នៅសេសសល់លោក ឈុន សារឿន បានឃុបឃិតគ្នាជាមួយឈ្មោះ ទូច សាមេត សរុបចំនួន ១៦០,០០០$(ដប់ប្រាំមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្រោយពីបានដឹងភ្លាមលោកបានព្យាយាមធ្វើការទំនាក់ទំនងទៅលោក ឈុន សារឿន ដើម្បីសួរនាំរឿងដកលុយ ប៉ុន្តែលោក ឈុន សារឿន បានធ្វើការគេចវេស មិនព្រមជួបជាពិសេសទំនាក់ទំនងទូរស័ព្ទមិនបានរហូតដល់បច្ចុប្បន្ន»។
ក្រោយពីមានធុំក្លិនមិនល្អឬរោគសញ្ញាឆបោករបស់លោក ឈុន សារឿន (អតីតPMខេត្តកំពត)រូបនេះ លោកបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងចូលទៅកាន់តុលាការខេត្តកំពតជួយរកយុត្តធម៌និងធ្វើការទាមទារប្រាក់យកមកវិញ ប៉ុន្តែក្ដីសង្ឃឹមរបស់លោកហាក់បីខុសគ្នាឆ្ងាយមិនដូចការរំពឹងទុកពោលគឺមានភស្តុតាង ឯកសារគ្រប់គ្រាន់ បែរជាត្រូវតុលាកាខេត្តកំពតបានសម្រេចតម្កល់សំណុំរឿងនេះទុកឥតចាត់ការពុំទទួលបានយុត្តិធម៌ឡើយ។
លុះក្រោយមកស្រាប់តែរូបលោកបានទទួលដំណឹងថា, លោក ឈុន សារឿន (អតីតPMខេត្តកំពត) បានប្ដឹងលោកមកកាន់តុលាការភ្នំពេញទៅវិញរឿងលុយចំនួន ១៣០,០០០$(ដបបីម៉ឺនដុល្លារសហរដ្ឋអាមេរិក) ថែមទាំងមានចំណាត់ការនីតិវិធីយ៉ាងលឿនរហ័ស ខណៈដែលរូបលោកបានទទួលប្រាក់ពីឈ្មោះ ទូច សាមេត ហើយមានលិខិតប្រគល់ទទួលប្រាក់ជាមួយលោក ឈុន សារឿន និងបានធ្វើការបែងចែកឲ្យលោក ឈុន សារឿន រួចទៅហើយ។
ករណីនេះមហាជនជាច្រើនមានចម្លល់ថា តើតុលាការភ្នំពេញទទួលសំណុំរឿងរវាងលោក ប៊ុន សុផាត និងលោក ឈុន សារឿង យកមកចាត់ការយ៉ាងលឿនរហ័សនេះ ត្រឹមត្រូវតាមដែនសមត្ថកិច្ចដែរឬទេ?ខណៈភាគីពាក់ព័ន្ធមានទីលំនៅស្ថិតនៅក្នុងទឹកដីខេត្តកំពត អង្គហេតុដែលបានកើតឡើងក៏នៅខេត្តកំពត?
ជុំវិញករណីនេះ ឣង្គភាពយើងបានហៅទូរសព្ទ័សម្ភាសន៍លោក ឈុន សារឿន បានប្រាប់ឣង្គភាពយើងថា”រឿងការដកសាច់ប្រាក១៦០,០០០$(ដបប្រាំមួយម៉ឺនដុល្លារ)គឺមានការព្រមព្រៀងគ្រប់ភាគី ហើយ លោក ប៊ុន សុផាតក៏បានយល់ព្រម ដើម្បីឲ្យលោកដកលុយយកទៅដកប្លក់ដីផ្ទះដែលដាក់ខ្ចីប្រាក់មករកសុីជាមួយគ្នា”។
លោក ឈុន សារឿន បានសង្កត់ធ្ងន់ទៀតថា “បើចង់ដឹងសាច់រឿងច្បាស់លាស់សូមឲ្យឣង្គភាពយើងខលទៅសម្ភាសន៍ភាគី លោក ទូច សាមេតដែលជាភាគីឣ្នកទិញ ថារឿងនេះពិតប្រាកដយ៉ាង”។
ដោយឡែកឣង្គភាពយើងពុំទាន់បានខលសម្ភាសន៍ភាគីឣ្នកទិញ លោក ទូច សាមេតនៅឡើយមូលហេតុពុំមានលេខទំនាក់ទំនងហើយឣង្គភាពយើងខ្ញុំរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធទាំងឣស់រៀងរាល់ម៉ោងធ្វើការតាមរយ:ឣង្គភាពយើងខ្ញុំ។
យ៉ាងណាលោក ប៊ុន សុផាត បានបង្ហើបឲ្យអង្គភាពយើងដឹងថា«លោក ឈុន សារឿន (អតីតPMខេត្តកំពត) មានទំនាក់ទំនងយ៉ាងស្និតស្នាលជាមួយព្រះរាជអាជ្ញាខេត្តកំពតទៀតផង ដែលជាហេតុធ្វើឲ្យលោក ឈុន សារឿន ផ្គើនគ្មានខ្លាចញញើតនិងច្បាប់ដោយអាងខ្នងខ្សែព្រះរាជអាជ្ញាដែលទើបផ្លាស់ប្តូរពីខេត្តតាកែវ ទៅកាន់នៅតុលាការខេត្តកំពតថ្មីៗនេះ ជាពិសេសចំពោះសំណុំរឿងដែលពាក់ព័ន្ធនិងរូបលោកតុលាការខេត្តកំពតតែងតែមិនអើពើទុកចោលឥតចាត់ការ ឬបង្ករឲ្យមានមានយឺតយ៉ាវរកនូវភាពអយុត្តិធម៌រហូត»។
ជុំវិញបញ្ហានេះ លោក ប៊ុន សុផាត បានបន្ថែមថា រូបលោកនឹងដាក់ពាក្យបណ្ដឹងអន្តរាគមន៍ស្នើទៅកាន់ក្រសួងយុត្តិធម៌ដើម្បូជួយសើរើសបង្វិលសំណុំរឿងរបស់លោកនិងលោក ឈុន សារឿន ទៅកាន់តុលាការខេត្តកំពត ក៏ដូចជាស្នើសុំឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាធ្វើអធិបញ្ជាទៅតុលាការខេត្តកំពត ដើម្បីសើរើរសំណុំរឿងដែលលោកប្ដឹងឈ្មោះ ឈុន សារឿន ត្រូវបានតុលាការតម្កល់ទុកចោលឥតចាត់ការកន្លងមកផងដែរ៕