ខេត្តស្វាយរៀង ៖ កូនលោក កែវ គង់ អធិការនគរបាលក្រុងបាវិតបានបាញ់ម្ចាស់ហាងផឹកស៊ីយីហោសំណាងអាណេ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
ស្ត្រីរងគ្រោះដោយកណ្តាប់ដៃកូនប្រុសលោកអធិការក្រុងបាវិតបាញ់ប្រហារមានឈ្មោះ សឿន ដាណេ មានវ័យ៣៨ឆ្នាំជាម្ចាស់ហាងឈ្មោះសំណាងអាណេ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ កែវ ចិត្រា យកកាំភ្លេីងខ្លីបាញ់ឱ្យរងរបួសធ្ងន់ ត្រូវចំក្បាល ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កេីតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។
បន្ទាប់ពីកេីតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ប្រទេសវៀតណាម។ រីជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្ករហេតុបង្កេីតរឿងបាញ់បោះ យ៉ាងគគ្លេីនរួចមក ក៏បានចូលទៅសារភាពនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដេីម្បីទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្ត ។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះកេីតឡេីង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទី នៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង .
មកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ គេបានទទួលដំណឹងថា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ស្ដ្រីម្ចាស់ហាងភោជនីយដ្ឋាន សំណាងអាណេ ដែលត្រូវកូនប្រុសអធិការក្រុងបាវិត បាញ់ប្រហារនោះ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យប្រទេសវៀតណាមហើយ។ នៅពេលនេះសព កំពុងត្រូវបានសាច់ញាតិបញ្ជូនត្រឡប់មកស្រុកកំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕crnnews