តាខ្មៅ ៖ ម្ចាស់ហាង ពន្លឺជាប់ចិត្ត ត្រូវបានជនរងគ្រោះអះអាងថា បានប្រេីអំពេីហិង្សាលេីរូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរាមអាយុជីវិតដោយប្រេីប្រាស់អាវុធភ្ជង់ក្បាលគំរាមថានឹងបាញ់សម្លាប់ចោល។ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង ពន្លឺជាប់ចិត្ត កេីតហេតុនៅវេលាម៉ោង 08:00នាទីយប់ ថ្ងៃទី 17 ខែ មករា ឆ្នាំ 2023 នៅភូមិថ្មី2 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
យុវជនវ័យ 31ឆ្នាំមួយរូបរស់នៅក្រុងតាខ្មៅបានថ្លែងប្រាប់អ្នកសារព័ត៌មានពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សា និងប្រមាថអាយុជីវិត យ៉ាងដូច្នេះថា “កេីតឡេីងនៅម៉ោង 8:០០នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមកដល់ចំណុចហាង”ពន្លឺជាប់ចិត្ត”ក៏បានប៉ះរថយន្តមួយគ្រឿងនៅមុខហាង”ពន្លឺជាប់ចិត្ត”បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង”ពន្លឺជាប់ចិត្ត” ពេលនោះស្រាប់តែមានម្ចាស់ហាង”ពន្លឺជាប់ចិត្ត”គាត់ក៏ចេញមកសំឡុតគំរាមកំហែងខ្ញុំ ដកសោម៉ូតូខ្ញុំ និងមិនឱ្យខ្ញុំទៅណាទេ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួប ការដោះស្រាយនោះទេ,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់ ហេីយបានខឹងខ្ញុំ ហេីយបានក្រៀក ក ខ្ញុំចូលក្នុងហាងរបស់គាត់ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ រួចនិយាយថា”បាញ់ហ្អែងចោលឥលូវ,នៅពេលនោះខ្ញុំបានភ័យក៏សំពះសុំអង្វរគាត់លុតជង្គង់ជាមួយគាត់ សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ ម្ចាស់ហាង ពន្លឺជាប់ចិត្ត នោះ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីបម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។”
តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា,ថៅកែហាង “ពន្លឺជាប់ចិត្ត”មានឈ្មោះ ឌឿន ចាន់ដារ៉ា មានតួនាទីជាប៉ូលីសស័ក្ដិ4 នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន និងមានលោកវរសេនីយ៍ឯក ស៊ឹម ប៊ុតបណ្ឌិត នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ជាមេកេីយ។
ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4,ឌឿន ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់ និងគំរាមបាញ់សម្លាប់មនុស្សចោលដោយគ្មានញញេីត និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការកាងមុខជំនួញបេីកហាងផឹកស៊ី ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
មិនមែនជាលេីកទី1នោះទេ ដែលហាង “ពន្លឺជាប់ចិត្ត” មានរឿងអាស្រូវក្នុងប៉ុន្មានឆ្នាំមុននេះ, ផ្ទះសំណាក់ ពន្លឺជាប់ចិត្ត ត្រូវបានសារព័ត៌មានចុះផ្សាយការចុះបង្ក្រាបករណីជួញដូរផ្លូវភេទ និងបានឃាត់ខ្លួនម៉ែយ៉ែម និងរំដោះនារីរងគ្រោះបានជាច្រេីននាក់ក្រោមការដឹកនាំដោយតំណាងអយ្យការ និងមន្ត្រីនគរបាលផងដែរ។
ងាកមកពាក់ព័ន្ធករណីផ្លូវច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា,នៅក្នុង មាត្រា31 ចែងថា ៖
មន្រ្តីនគរបាលកម្ពុជាត្រូវហាមឃាត់ជាដាច់ខាត:
១.យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត។
២.យកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រេីដេីម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬដេីម្បីសំឡុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋ។
៣.ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នគរបាលជាតិកម្ពុជា។
៤.ចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬដោយប្រយោល។
ចំពោះមុខរបរណាដែលត្រូវបានអនុញ្ញាតិ និង មុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិកម្ពុជា ហេីយដែលត្រូវបានហាមឃាត់នោះ នឹងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។
ក្នុងករណីដែលលោកប៉ូលីសស័ក្ដិ4,ឌឿន ចាន់ដារ៉ា ដែលបានបង្កអំពេីហិង្សា,គំរាមកំហែង, បង្ខាំងមនុស្ស ,ភ្ជង់កាំភ្លេីងដាក់ក្បាលថានឹងបាញ់សម្លាប់ចោល,តេីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចាត់ការរបៀបណាចំពោះមន្ត្រីក្រោមឱវាទរូបនេះ?