ភ្នំពេញ៖ យុវជនវ័យ ៣១ឆ្នាំម្នាក់ រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រេចចិត្តដាក់ពាក្យសុំអន្តរាគមន៍ទៅកាន់ក្រសួងមហាផ្ទៃដេីម្បីពិនិត្យទៅលេីលោកប៉ូលីសស័ក្ដិ៤ ឌឿន ចាន់ដារ៉ា នាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ដែលបានប្រព្រឹត្តអំពេីព្រៃផ្សៃប្រេីប្រាស់អំពេីហិង្សា ភ្ជង់កាំភ្លេីងប៉ុនប៉ងបាញ់សម្លាប់ដោយគ្មានញញេីតច្បាប់។
ពាក្យសុំអន្តរាគមន៍គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣ ដែលមានកម្មវត្ថុ សុំក្រសួងមហាផ្ទៃ អន្តរាគមន៍ និងពិនិត្យទៅលេីលោកវរសេនីយ៍ត្រី ឌឿន ចាន់ដារ៉ា នាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ដែលបានប្រព្រឹត្តអំពេីដកកាំភ្លេីងភ្ជង់ ហិង្សា និងសម្លុតគំរាម។ នៅក្នុងពាក្យសុំអន្តរាគមន៍នេះ ជនរងគ្រោះបានរៀបរាប់អង្គហេតុជូនសម្ដេចក្រឡាហោម ស ខេង ថា៖ “កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ២០ និង០០នាទី ខ្ញុំបាទបានជិះម៉ូតូមកពីទិញម្ហូបអាហារមួយចំនួន លុះដល់ចំណុចហាងពន្លឺជាប់ចិត្ត ខ្ញុំបាទក៏បានជិះប៉ះរថយន្តមួយគ្រឿងដែលចតនៅមុខហាងពន្លឺជាប់ចិត្ត ភ្លាមៗនោះស្រាប់តែលោកវរសេនីយ៍ត្រី ឌឿន ចាន់ដារ៉ា ជាម្ចាស់ហាងពន្លឺជាប់ចិត្តស្ទុះចេញមកពីក្នុងហាង ចេញមកសម្លុតគំរាមកំហែងខ្ញុំបាទទាំងកំហឹង និងបានឃាត់រូបខ្ញុំបាទមិនឱ្យទៅណាឡេីយ ដោយគាត់បានដកសោម៉ូតូខ្ញុំបាទទុក ទាំងរូបខ្ញុំបាទមិនបានគេចវេសពីការទទួលខុសត្រូវចំពោះការប៉ះពារលេីរថយន្តនោះឡេីយ។ ជាមួយគ្នានេះដែរខ្ញុំបាទក៏បាននិយាយស្នេីសុំសម្របសម្រួលជាមួយម្ចាស់រថយន្តដោយសន្តិវិធី ប៉ុន្តែលោកវរសេនីយ៍ត្រី ឌឿន ចាន់ដារ៉ា ជាម្ចាស់ហាងពន្លឺជាប់ចិត្ត បានអះអាងថាខ្លួនគាត់ជាអ្នកដោះស្រាយជំនួសមុខឱ្យម្ចាស់រថយន្តទៅវិញ។ អំឡុងពេលនោះខ្ញុំបាទក៏បានទាញទូរស័ព្ទថតហាងខាងលេីដេីម្បីប្រាប់អ្នកផ្ទះខ្ញុំបាទដែលរង់ចាំម្ហូបអាហារពីខ្ញុំទិញ។ ស្រាប់តែភ្លាមៗនោះ លោកវរសេនីយ៍ត្រី ឌឿន ចាន់ដារ៉ា បានខឹងខ្ញុំបាទ ហេីយក៏បានក្របួច ក អាវ ខ្ញុំបាទ និងក្រៀកខ្ញុំបាទចូលទៅក្នុងហាងរបស់គាត់ទាំងកម្រោលហិង្សា និងបានដកកាំភ្លេីងខ្លីមួយដេីមមកភ្ជង់ក្បាលខ្ញុំ ហេីយគាត់បាននិយាយថា “បាញ់ក្បាលហែងចោលឡូវ…! ហេីយលោកវរសេនីយ៍ត្រី ឌឿន ចាន់ដារ៉ា ជាម្ចាស់ហាងនោះស្រែកគំហកបញ្ជាឱ្យខ្ញុំបាទលុតជង្គង់សុំទោសគាត់ និងសុំទទួលខ្លួនខុសដែលជិះម៉ូតូប៉ះឡានដែលថតមុខហាងកេីតហេតុបណ្ដាលឱ្យឆ្កូត។ ជាងនេះទៅទៀតលោកវរសេនីយ៍ត្រី ឌឿន ចាន់ដារ៉ា បានហុចទូរស័ព្ទខ្ញុំបាទមកវិញហេីយបញ្ជាឱ្យខ្ញុំបាទលុបរូបដែលបានថតហាងលោកចោលឱ្យអស់ឱ្យគាត់មេីល។ ដោយសារក្រោមស្ថានភាពគំរាមកំហែង និងគ្រោះថ្នាក់ដល់អាយុជីវិត ហេីយគេមានគ្នាច្រេីន ទេីបខ្ញុំបាទមិនអាចរត់គេច ឬស្រែកហៅឱ្យគេជួយបាន ហេតុនេះទេីបខ្ញុំបាទបានយល់ព្រមធ្វេីតាមគំនាប់បញ្ជា លុតជង្គង់សំពះសុំអង្វរទុកជីវិត និងសារភាពទទួលកំហុស ព្រមទាំងលុបរូបថត-វីដេអូ តាមការណែនាំរបស់គាត់ក្រោយមកលោកវរសេនីយ៍ត្រីឌឿន ចាន់ដារ៉ា ដោះលែងឱ្យខ្ញុំបាទត្រឡប់មកផ្ទះវិញ។ បន្ទាប់ពីបានរួចខ្លួនពីកន្លែងកេីតហេតុ ទេីបខ្ញុំបាទបានទាក់ទងប្រាប់បងប្អូន និងប្ដឹងទៅអធិការក្រុងតាខ្មៅដេីម្បីដោះស្រាយតាមច្បាប់”។
ជនរងគ្រោះដាក់ស្នេីសុំអន្តរាគមន៍ទៅសម្ដេចក្រឡាហោម ស ខេង ដេីម្បីមានចំណាត់ការផ្លូវច្បាប់ និងសូមសំណូមពរ ពីរចំណុចពោលគឺ
១./ដាក់វិន័យឱ្យបានតឹងរ៉ឹងលេីលោកស័ក្ដិ៤ ឌឿន ចាន់ដារ៉ា តាមច្បាប់ជាធរមាន។
២./មានវិធានការទៅអង្គភាព ឬស្ថាប័នពាក់ព័ន្ធ ពិនិត្យនិងចាត់ការលេីរឿងនេះ ដេីម្បីជួយរកយុត្តិធម៌ឱ្យខ្ញុំបាទដែលជាពលរដ្ឋទន់ខ្សោយ។
សូមបញ្ជាក់ថា រឿងនេះបានកេីតឡេីងនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល,តេីឯណាទៅគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលចែងថា “គ្មានការប្រេីប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មេីសគ្រប់ប្រភេទនោះ? ទីតាំងនៅមូលដ្ឋានក្រុងតាខ្មៅ នេះ លោកអធិការនគរបាលក្រុងតាខ្មៅលោកវរសេនីយ៍ឯក យី វណ្ណដា ជាអ្នកដឹកនាំគ្រប់គ្រងការពារសន្តិសុខជូនប្រជាពលរដ្ឋបែរជាមានរឿងរ៉ាវកេីតឡេីងនៅមូលដ្ឋានខ្លួនកាន់កាប់ទៅវិញ។ មហាជនទូទៅសង្ឃឹមថាលោកអធិការក្រុងតាខ្មៅ និងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត នឹងចូលរួមដោះស្រាយនិងមានចំណាត់ការលេីលោកស័ក្ដិ៤ ឌឿន ចាន់ដារ៉ា ទៅតាមផ្លូវច្បាប់ដោយគ្មានយោគយល់?
សូមរំលឹកជូនថា កាលពីពេលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារៈជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានជំរុញឱ្យមានការចូលរួមពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ ព្រោះវាជារឿងដ៏សំខាន់បំផុត។ សម្ដេចក្រឡាហោម បញ្ជាក់ថា គោលនយោបាយមានសារៈសំខាន់បំផុត ព្រោះនៅពេលដែលភូមិឃុំទាំងអស់មានសុវត្ថិភាពស្រុកទេសទាំងមូល ពោលគឺ មាតុភូមិកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពដូចគ្នាផងដែរ។
ជាមួយគ្នានេះដែរដេីម្បីធានាភូមិឃុំមានសុវត្ថិភាពទទួលបាននូវជោគជ័យត្រូវមានយន្តការអនុវត្តឱ្យបានច្បាស់លាស់ បន្ថែមពីនេះត្រូវពង្រីកការចូលរួមនិងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យបានច្រេីន ហេីយអ្នកដែលដេីរតួនាទីសំខាន់គឺសមត្ថកិច្ចឃុំស្រុកដែលជាអ្នកនៅផ្ទាល់ជាមួយពលរដ្ឋនៅក្នុងមូលដ្ឋាន។
សង្ឃឹមថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរក្រុងតាខ្មៅខេត្តកណ្ដាល អនុវត្តប្រកបដោយស្មារតីយល់ដឹងខ្ពស់ ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់នឹងបង្ការបានការប្រេីប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលនាំឱ្យមានគ្រោះថ្នាក់រូបរាងកាយស្មារតី និងបង្ការការភ័យខ្លាចដល់ប្រជាពលរដ្ឋ គឺធ្វេីយ៉ាងណាឱ្យស្របនឹងគោលនយោបាយរបស់ក្រសួងមហាផ្ទៃ។
នៅក្នុងសេចក្ដីណែនាំលេខ ០១៩ សណន,ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវគោលការណ៍គ្រប់គ្រងនិងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ
ដោយផ្អែកតាមវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ ០០៦ បបជ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដេីម្បីអនុវត្តរូបភាពដាក់វិន័យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយតម្លាភាព។ ត្រូវអនុវត្តវិធានការច្បាប់ចោទប្រកាន់តាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន ក្នុងករណីរកឃេីញថាមន្ត្រីនគរបាលរូបណាបានប្រព្រឹត្តនូវកំហុស និងការឆ្គាំឆ្គងខាងវិជ្ជាជីវៈមានលក្ខណៈធ្ងន់ធ្ងរដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ៕