(បន្ទាយមានជ័យ) : បើយោតាមមន្ត្រីនៅច្រកព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញទាំងធំទាំងតូច នៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ហើយជាប្រភពចំណូលរបស់លោក សរ សំណាង ប្រធានច្រកទ្វារព្រំដែនម៉ាឡៃ ផងដែរ កាលដែលលោក សរ សំណាង ហ៊ានប្រើអំណាច និងតួនាទីប្រមូលលុយតាមរបៀបពុករលួយជាច្រើនខែកន្លងទៅនេះគឺដោយសារអាងមានខ្នងបង្អែករឹងមាំ ហើយមានការបែងចែកផលប្រយោជន៍ជាប្រចាំ សម្ងំស្ងាត់ឈឹងបើទោះបីរឿងអាស្រូវពុករលួយរបស់លោក សរ សំណាង ប្រធានច្រកទ្វារព្រំដែនម៉ាឡៃ ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ក៏ដោយ។
មន្ត្រីនៅច្រកម៉ាឡៃ បានឲ្យដឹងទៀតថា ឈ្មួញធំដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះសុទ្ធតែមានទំនាក់ទំនងជាមួយលោក សរ សំណាង ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងរលូន។ ឈ្មួញទាំងធំទាំងតូចគ្មានអ្នកណាអាចរំលងលោក សរ សំណាង បានទេ គឺត្រូវបង់លុយតាមការកំណត់របស់លោក សរ សំណាង ព្រោះលោក សរ សំណាង មានអំណាចខ្លាំងជាងគេក្នុងការបើកបារ៉ាស់ច្រកព្រំដែនឲ្យឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់។ ជាងនេះទៅទៀតអំពើពុករលួយរបស់លោក សរ សំណាង អាចប្រព្រឹត្តយ៉ាងរលូនគឺមានកិច្ចសហការពីសំណាក់អ្នកមានអំណាចឬមានខ្នងបង្អែកនៅពីក្រោយខ្នងរង់ចាំជួយគ្រប់ពេលវេលា។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា បើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺលោក សរ សំណាង មិនអាចរក្សាតំណែងជាប្រធានច្រកទ្វារព្រំដែនម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានយូរអង្វែងរហូតមកដល់ពេលនេះឡើយ ឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដូច្នេះក្នុងមួយថ្ងៃៗលោក សរ សំណាង អាចប្រមូលលុយលើតុក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជុំវិញបញ្ហាខាងលើនេះថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញខ្លះផង ព្រោះរឿងអាស្រូវ និងអំពើពុករលួយរបស់លោក សរ សំណាង ប្រធានច្រកទ្វារព្រំដែនម៉ាឡៃ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់៕ មានវត្តមានបន្ត