ភ្នំពេញ៖ ពិតជារន្ធត់ណាស់ ខណៈដែលបុរសម្នាក់ កំពុងជួសជុលរថយន្តបែនយីឌុបសុខៗ ស្រាប់តែធ្លាក់ទ្រុងរថយន្តបែន សង្កត់ពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ នៅក្នុងក្រុមហ៊ុនលក់គ្រឿងចក្រ HYUNDAI ត្រូវបានពលរដ្ឋលើកឡើងថា ដោយសារការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង និងមេការក្រុមហ៊ុន មានការធ្វេសប្រហែស និងគ្មានបច្ចេកទេសត្រឹមត្រូវ ធ្វើឲ្យមានមនុស្សស្លាប់ក្នុងម៉ោងការងារ ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងក្រុមហ៊ុនលក់គ្រឿចក្រ HYUNDAI តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ ខាន់ ណារិន ភេទប្រុស អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្នាក់នៅក្នុងក្រុមហ៊ុន ត្រូវបានមេការ និងអ្នកគ្រប់គ្រងក្រុមហ៊ុន ប្រើឲ្យជួសជុលរថយន្តបែនយីឌុប១គ្រឿង ដោយបានដូយទ្រុងឡើងលើ ហើយឡើងទៅអង្គុយលើតួរថយន្តក្រោមទ្រុងដែលដូយនោះ ស្រាប់ តែក្រឡាច់បូម ធ្លាក់ទ្រុងសង្កត់លើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ និងបានប្រគល់សាកសពឲ្យសាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕crnnews