(ភ្នំពេញ)៖ ល្បែងស៊ីសងខុសច្បាប់តាមអនឡាញខ្នាតកាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើនក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ទីតាំងនេះស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលហ៊ានផ្គើនបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។
គេបានឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញនេះប្រៀបបានខ្នាតកាស៊ីណូនេះ និងមានជនជាតិចិនជាថៅកែ ហើយគេសង្ស័យថា មានអ្នកធំ ឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបាន? ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាប? គេឃើញតែអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូន។
សូមបញ្ជាក់ថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ គឺសម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៌ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូនេះ នឹងទៅជាយ៉ាងណា? តើសមត្ថកិច្ចពាក់ព័ន្ធក៌ដូចអាជ្ញាធរមូលដ្ឋានហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នឹងហ៊ានផ្គើនស្មារតីអង្គប្រជុំដែរឫទេ?
ពាក់ព័ន្ធទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូ ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤នេះ មិនអាចសុំការបំភ្លឺពីលោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានទេ៕