ខេត្តកំពង់ធំ. នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាពេលកន្លងមកថ្មីៗនេះគណៈរដ្ឋមន្ត្រីបានសម្រចលើកគម្រោងស្ថាបនាព្រែកជីក ជាប្រវត្តិសាស្ត្រតាំងពីសម័យហ្វូណន មកដល់សម័យតេជោ ដែលមានប្រវែងជាង១៨០ គីឡូម៉ែត្រ តភ្ជាប់ផ្លូវទឹកពីទន្លេរ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងការធ្វើចរាចរណ៍ផ្សេងៗ ដែលគ្រោងចំណាយថវិកាជាង១.៧០០លានដុល្លារ ហើយត្រូវប្រើប្រាស់រយៈពេលបួនឆ្នាំ ក្នុងការស្ថាបនាព្រែកជីកនេះ ។
បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនានិងព្រះមហាក្សត្រ នឹងត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យទទួលបានជោគជ័យ៕