ខេត្តកំពង់ធំ. នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហារ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោក ព្រិន្ទបាលឯក សុខ ហូរ អាយុ៦៣ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៨៣ នៅអង្គភាពកងពលលេខ៥ចាស់ប្រចាំការនៅតំបន់ដំបូកខ្ពស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុង សម័យសង្គ្រាម។ លោ សុខ ហូរ កបានត្រូវ របួសពិការ នៅឆ្នាំ១៩៩៥ ពេលដែលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិ ផ្លូវជាតិលេខ១២ តំបន់អូពោធិ៍ ខេត្តព្រះវិហារ ។ ហើយលោកសុខ ហូ បានទទួលមរណភាពកាលពីវេលាម៉ោង៦និង៤៨នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះដោយរោគាពាធ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក សុខ ហូរ ជាអតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ចាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក របស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវ ភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ។ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ដោយក្នុងគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល សម្រាប់ធ្វើបុណ្យសព គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងសូមបានផ្ដាំផ្ញើដល់គ្រួសារសពអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ជៀសផុតពីជំងឺផ្សេងៗ ។
នៅក្នុងឱកាសនេះ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀត រួមមាន ៖ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខ កំប៉ុងចំនួន ០២យួរ ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះផងដែរ៕