ភ្នំពេញ៖ អធិការរងនគរបាល ខណ្ឌដូនពេញម្នាក់មានឈ្មោះថា លោក ហួត ពិសិដ្ឋ កំពុងតែល្បីល្បាញ កេរ្តិ៍ឈ្មោះមិនល្អ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងបណ្តាញសារព័ត៌មានក្នងស្រុកមួយចំនួន ក្រោយពីបែកធ្លាយបង្ហោះក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន មានឈ្មោះ Houth Pisith នូវពាក្យសំដីដែលប៉ះពាល់ដល់អង្គភាពនិងថ្នាក់ដឹកនាំក្នុងអធិការដ្ឋានគរបាលខណ្ឌដូនពេញ។
បើតាមប្រភពព័ត៌មាន សុំមិនបញ្ចេញឈ្មោះ បានអះអាងថា លោកអធិការរងរូបនេះ ឱ្យតែពេលស្រវឹង តែងតែមានពាក្យសម្ដីនិងអាកប្បកិរិយា មិនសមរម្យ មិនសាកសម តួនាទីជាអធិការរង ជាថ្នាក់ដឹកនាំនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នោះទេ ដែលទង្វើទាំងអស់នេះ ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ក្នុងជួរកងកម្លាំងនគរបាលនឹងថ្នាក់ដឹកនាំ ក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញទាំងមូលផងដែរ។
ប្រភពបានបន្តទៀតថា ក្នុងការអនុវត្តតួនាទីជាអធិការរងនគរបាលខណ្ឌដូនពេញ ដែលមានអាយុវ័យក្មេង ខ្វះបទពិសោធន៍ការងារ លោកអធិការរងរូបនេះ តែងតែអនុវត្តភារកិច្ចតួនាទីដែលថ្នាក់ដឹកនាំអង្គភាពបានប្រគល់ជូន ដោយមានភាពខ្វះចន្លោះប្រហោងជាច្រើនរឿងផងដែរ ប៉ុន្តែលោកអធិការនគរបាលខណ្ឌដូនពេញ លោក វីរៈសេនីយ៍ឯក ទៀង ច័ន្ទសារ តែងតែយោគយល់ អនុគ្រោះមិនចាប់ទោសអូសដំណើរ និងបានផ្ដល់មតិអប់រំណែនាំកែលម្អ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែលោកអធិការរងរូបនេះ ហាក់ដូចជាមិនព្រមកែប្រែពាក្យសម្ដី និង និងឥរិយាបថ ឱ្យសក្កិសមជាកងកម្លាំងប្រដាប់អាវុធ ដែលមានតួនាទីបំរើប្រជាពលរដ្ឋដោយគ្មានគិតពេលវេលាថ្ងៃយប់នោះទេ។
ប្រភពផ្សេងទៀតបានអះអាងថា ក្នុងការអនុវត្តភារកិច្ច តួនាទី តាមឋានានុក្រម ដែលបានចាត់តាំងដោយប្រធានអង្គភាព លោកអធិការរង ហួត ពិសិដ្ឋ រូបនេះ តែងតែមិនបានអនុវត្តឲ្យបានខ្ជាប់ខ្ជួននោះទេ ថែមទាំងមានពាក្យសម្ដីចំអកឡកឡឺយ នៅតាមវិទ្យុទាក់ទង (អាយឌី) ដែលស្តាប់លឺជាសារធារណៈ ដោយកម្លាំងសមត្ថកិច្ចនគរបាលទូទាំងខណ្ឌដូនពេញ និងថ្នាក់ដឹកនាំ ពិសេសគឺថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ។ទង្វើទាំងនេះ ត្រូវបានលោកអធិការនគរបាលខណ្ឌដូនពេញ ធ្វើការអប់រំណែនាំជាច្រើនលើកច្រើនសារ ប៉ុន្តែបុគ្គលនេះ នៅតែប្រព្រឹត្តទង្វើដដែលៗ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើ មហាជនចាំមើលថា តើថ្នាក់ដឹកនាំ ខាងលើ នឹងមានចំណាត់ការយ៉ាងណា ចំពោះករណីលោក ហួត ពិសិដ្ឋ អធិការរងរូបនេះ ៕
#crnnews