ភ្នំពេញ÷ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយ ច្បាប់ ស្តីពី ទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ នៅក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងពិធីសិក្ខាសាលានោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានថ្លែងថា ជំនួសមុខឱ្យគណៈអភិបាលខណ្ឌ និងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដល់មន្ទីរទេសចរណ៍រាជធានីភ្នំពេញដែលបានសហការជាមួយរដ្ឋបាលខណ្ឌមានជ័យបើកវគ្គសិក្ខាសាលា បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ ច្បាប់ស្តីពីទេសចរណ៍និងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងគុណភាពនៃសេវាកម្មទទួលបាននូវភាពជោគជ័យក្នុងមុខរបរ។
លោកអភិបាលរងខណ្ឌបានថ្លែងបន្តទៀតថាបច្ចុប្បន្នខណ្ឌមានជ័យមានសក្ដានុពលក្នុងវិស័យទេសចរណ៍សម្រាប់វិនិយោគ សំណង់ សណ្ឋាគារខ្នាតធំ អាគារពាណិជ្ជកម្ម ផ្សារទំនើប តាមរយៈការបើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនេះលោកសង្ឃឹមថាបងប្អូនអ្នកវិនិយោគគិនជាតិ និងអន្តរជាតិនឹងចាប់អារម្មណ៍ហើយយើងខ្ញុំជាអាជ្ញាធរមូលដ្ឋានបានត្រៀមជួយរួចជាស្រេចក្នុងការសម្របសម្រួលដល់មុខរបររបស់បងប្អូនអាជីវករ។លោកអភិបាលរងបន្តថាបច្ចុប្បន្នខណ្ឌមានជ័យមានអាជីវកម្ម សេវាកម្ម ក្នុងវិស័យទេសចរណ៍ប្រមាណជា១០០ទីតាំង ដោយក្នុងនោះមាន៖ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ ក្លឹបកំសាន្ត និងមានច្បាប់ប្រមាណ៩០%ហើយ។
ទន្ទឹមគ្នានោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានស្នើឱ្យបងប្អូនអាជីវករ ត្រូវរក្សាអនាម័យ បរិស្ថានក្នុងទីតាំងអាជីវកម្មក៏ដូចជាជុំវិញទីតាំងដោយរៀបចំឲ្យមានជាសាប៊ូឬទឹកអនាម័យនៅតាមបន្ទប់ទឹកនីមួយៗដើម្បីថែរក្សាអនាម័យក៏ដូចជាកាត់បន្ថយការឆ្លងជំងឺផ្សេងៗជូនភ្ញៀវទេសចរណ៍។ លោកអភិបាលរងខណ្ឌបានបន្តទៀតថា ចំពោះករណីពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគឺត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលាដើម្បីឲ្យអាជ្ញាធរមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលានិងត្រូវចូលរួមគាំទ្រការពារនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដើម្បីសុខសន្តិភាព។#crnnews