រាជធានីភ្នំពេញ÷ ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារបានអញ្ជេីញចុះពិនិត្យសម្ភារះសំរាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់កងយោធពលខេមរភូមិន្ទដែលនឹងត្រូវចូលរួមក្នុង លំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងការដកបទពិសោធន៍ជំនាញ សង្គ្រោះគ្រោះមហន្តរាយ រវាង កងទ័ព ៣ ប្រទេស កម្ពុជា ឡាវ និង វៀណាម ដែលនឹងប្រព្រឹត្តិទៅនៅលើទឹកដី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាដើមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។
នៅក្នុងពិធីចុះត្រួតពិនិត្យកម្លាំងជំនាញ និងសម្ភារ:សង្គ្រោះគ្រោះមហន្តរាយនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមានតំណាងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ និងមេបញ្ជាការរងកងទ័ពទាំងបីប្រភេទរួមមាន៖ កងទ័ព ជើងគោក ជើងទឹក និង ជើងអាកាស ព្រម ទាំងនាយទាហានមកពីស្ថាប័នជំនាញ ដែលជាសមាជិកក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្ដារឡើងវិញជាច្រើនរូបទៀត ដែលបានប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានកងទ័ពពិសេស នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា ៖ ការចាត់បញ្ជូនកម្លាំងជំនាញ សង្គ្រោះគ្រោះមហន្តរាយរបស់កងយោធពលខេមរភូមិន្ទ ដើម្បីទៅធ្វើការលំហាត់ហ្វឹកហ្វឺន សមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ ៣ ប្រទេស ឡាវ កម្ពុជា វៀតណាម គឺ ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិឡាវ ដែលភាគីឡាវធ្វើជាម្ចាស់ផ្ទះ ហើយត្រូវចេញដំណើរនៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ។
ឯកឧត្តម បញ្ជាក់ថា៖ លំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងការដកបទពិសោធន៍ជំនាញ សង្គ្រោះគ្រោះមហន្តរាយនេះធ្វើឡើង ដើម្បីត្រៀមលក្ខណ:សម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ សំរាប់ការឆ្លើយតបបន្ទាន់ ណាមួយគ្រប់ឧប្បវហេតុនៃគ្រោះមហន្តរាយទាំងឡាយ ដែលកើតមានឡើងដោយយថាហេតុជាមុន និងដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងក្នុងតំបន់ និងប្រទេសនីមួយៗបានទាន់ពេលវេលា និងផ្លាស់ប្តូបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ ហើយជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់នៅ។
ជាចុងក្រោយ ឯកឧត្តម ម៉ឹង សំផន ក៏បានផផ្តាំផ្ញើដល់ក្រុមការងារក៏ដូចជាកម្លាំងជំនាញទាំងអស់ដែលទៅបំពេញបេសកកម្មចូលរួមធ្វើ លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា៣ ប្រទេស ឡាវ កម្ពុជា វៀតណាម សូមយកចិត្តទុកដាក់ គោរពបទញ្ជា សហការ សាមគ្គីគ្នា ធ្វើយ៉ាងណាអោយទទួលបានលទ្ធផលល្អ និង សម្រេចបានជោគជ័យ នាំមកនូវកិត្តិយសជូនប្រទេសជាតិ និងកងយោធយុទ្ធពលខេមរះភូមិន្ទទាំងមូលផងដែរ៕