ខេត្តកំពង់ធំ. នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ លេីកគម្រោងផែនការត្រូវបំពាក់ជូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ចំនួន ៣,៤៤៧ នាក់ ដែលបានអញ្ជើញមកពីស្រុក ក្រុង ចំនួន ៤ គឺ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដែលពិធីនេះប្រព្រឹត្តទៅ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំ និងណែនាំផ្ទាល់ពីឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌឹតគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា និងឯកឧត្ដមងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដំណើរការសាងសង់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត បានចំនួន ៣៨៧ខ្នងផ្ទះ ក្នុងនោះសាងសង់នៅតាមមូលដ្ឋាននានានៅទូទាំង៩ក្រុង ស្រុកនៃខេត្តកំពង់ធំ បានចំនួន២៤៦ក្នុងផ្ទះ និងគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជាសាងសង់ជូនបងប្អូនអតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ចបានចំនួន ១៤១ខ្នងផ្ទះ ជាមួយនោះដែរសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជនចំនួន១៤១ គ្រួសារដោយ ក្នុងមួយគ្រួសារមួយហិតាកន្លះ ផងដែរ។ ក្រៅពីនោះទៀតបានដំណើរការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន បានទាន់ពេលវេលាក្នុងពិធីបុណ្យសព នឹងបានជួយដោះស្រាយនូវរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានាផងដែរ។
ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ជា ចាន់តូ បានសូមកោតសរសើរនូវវីរភាពដ៍អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។
បន្ទាប់មកឯកឧត្តមបណ្ឌិត ជា ចាន់តូ រួមជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានបំពាក់គ្រឿងឥស្សរិយយស ជានិមិត្តរូបជូនអតីតយុទ្ធជនចំនួន៤១នាក់និងបានឧបត្ថម្ភថវិកាមួយចំនួន ផងដែរ ជូនដល់បងប្អូនអតីតយុទ្ធជនទាំងចំនួន២.១០៥នាក់ ដែលបានចូលរួមក្នុងពិធីនេះ ។
0
ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់
Filed in: ព័ត៌មានថ្មីៗ