ខណ្ឌពោធិ៍សែនជ័យ៖ រឿងរាវអាស្រូវរបស់លោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ សាងសង់ផ្ទះល្វែងលក់ផ្ទះមួយមានប្លង់២មហាជនកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លោក ឡាង លីកូ បានលើកឡើងសារជាថ្មីថាលោកបានដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៣ តែមកទល់ពេលនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដោះស្រាយជូនគាត់ហើយ ប៉ន្តែគ្មានលទ្ធផលផ្លែផ្កាឲ្យជនរងគ្រោះបន្តិចសោះ ។ លោក ឡាង លីកូ បានរៀបរាប់ពីរឿងអាស្រូវរបស់លោកស្រី គង់ យ៉ាងធី ដែលបានចេញរកសុីមិនស្មោះត្រង់ដោយលក់ផ្ទះឲ្យគាត់ក្នុងតម្លៃ $47000 ហើយអ្នកដែលទទួលប្រាក់ឈ្មោះ គង់ អៀងពៅ ត្រូវជាប្អូនបង្កើតរបស់លោកស្រី គង់ យ៉ាងធី ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ក៍ធ្លាប់បានហៅទូរសព្ទទៅលោក គង់ អៀងពៅ ដើម្បីសួរនាំផងដែរទាក់ទងរឿងផ្ទះលោក ឡាង លីកូ ដែលបានទិញផ្ទះលេខ ១៨៨អា ពីគម្រោងក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានលោកស្រី គង់ យ៉ាងធី ជាម្ចាស់ក្រុមហ៊ុន ហើយលោក គង់ អៀងពៅ គឺជាអ្នកទទួលប្រាក់ ពីលោក ឡាង លីកូ តាមរយៈត្រេនស្វឺពីកុងធនាគារអេសុីលីដា ទៅឈ្មោះ គង់ អៀងពៅ តែលោក គង់ អៀងពៅ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនដឹងរឿងនេះទៀតទេព្រោះលោកបានឈប់ពីការងារនេះយូហើយ។
លោក ឡាង លីកូ សម្តែងការអស់សង្ឃឹមបន្ទាប់ពីឭសម្តីលោក គង់ អៀងពៅ ជាអ្នកទទួលប្រាក់ហើយក៍ត្រូវជាប្អូនបង្កើតម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានលោកស្រីគង់ យ៉ាងធី ជាថៅកែ បែជាឆ្លើយបែបយករួចខ្លួនបែបនេះ លោក ឡាង លីកូ កាន់តែអស់សង្ឃឹមនោះគឺលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មិនព្រមចេញមុខដោះស្រាយស្វែងរកការពិតរឿងផ្ទះមួយមានប្លង់២របស់ក្រុមហ៊ុន ធី សុភ័ក្ត្រ នោះទេ បែជាសង្ងំអង្គុយសោយសុខនៅតែក្នុងបន្ទប់ម៉ាសុីនត្រជាក់ហើយបណ្តោយឲ្យនាយទន់ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់លក់ផ្ទះល្វែងក្នុងបុរីសន្តិភាព២ធ្វើតាមតែអំពើចិត្ត។
លោក ឡាង លីកូ បានស្នើសុំទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយចេញមុខដោះស្រាយស្វែងរកការពិតរឿងផ្ទះលេខ១៨៨អា ដែល មានប្លង់២ត្រួតសុីគ្នា ដែលបានទិញពីលោកស្រី គង់ យ៉ាងធី អ្នកដែលទទួលប្រាក់ឈ្មោះ គង់ អៀងពៅ ត្រូវជាប្អូនបង្កើតលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដើម្បីស្វែងរកការពិតហើយលោក ឡាង លីកូ បានស្នើសុំឲ្យអជ្ញាធរខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ មេត្តាចាត់វិធានផ្លូវច្បាប់ផងដែរ៕